
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋស្រុកជលគិរី អបអរ ជាខ្លាំង ចំពោះសមិទ្ធផល ផ្លូវលំ១ខ្សែ ព័ទ្ធតាមជើងភ្នំស្ដេចសើយដោះ ត្រូវបានជួសជុលឡើងវិញ ដែលជាជំនួយរបស់ ប្រជាជនប្រទេសជប៉ុន តាមរយៈអង្គការស្បៀងអាហាពិភពលោក និង គ.ជ.អ.ប។
លោក ដូវ គឹមស៊ីន អភិបាលនៃគណៈអភិបាលស្រុកជលគិរី ដែលបានអញ្ជើញ ដឹកនាំអង្គប្រជុំ ដើម្បីវាយតម្លៃបញ្ចប់៥០% លើការអនុវត្ត គម្រោងជួសជុលផ្លូវលំ១ខ្សែនេះ បានមានប្រសាសន៍ឱ្យដឹងថា
ផ្លូវលំ១ខ្សែនេះ ត្រូវបានជួសជុលឡើងវិញ មានប្រវែង៣,៥៦៨ ម៉ែត្រ ទទឹង ៥ម៉ែត្រ ដោយក្រាលដីល្បាយថ្ម , ដាក់លូទោលចំនួន ៦កន្លែង គ្របសំណាញ់ , រៀបថ្មជើងទេ ទប់ទឹករលកប្រវែង ៥១០ម៉ែត្រការរ៉េ និងដាំស្មៅ។
លោកអភិបាលស្រុកបន្តថា ការជួសជុលផ្លូវលំមួយខ្សែនេះ ជាជំនួយរបស់ ប្រជាជនជប៉ុន តាមរយៈអង្គការស្បៀងអាហាពិភពលោក និង គ.ជ.អ.ប ដើម្បីស្ដារឡើងវិញ នូវការរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់។
ក្នុងនាមរូបលោកផ្ទាល់ និងក្នុងនាម តំណាងឱ្យប្រជាពលរដ្ឋ ឃុំព្រៃគ្រី និងក្នុងនាមតំណាងឱ្យរដ្ឋបាលស្រុកជលគិរី សូមថ្លែងអំណរគុណ ចំពោះប្រជាជនជប៉ុន ដែលបានឧបត្ថម្ភថវិកា តាមរយ:លេខាធិការដ្ឋាន គ.ជ.អ.ប គាំទ្រលើគម្រោងនេះ រួមទាំងអ្នកទទួល ដែលបានព្រមទទួលយកសំណូមពរពីប្រជាពលរដ្ឋ និងអ្នកទទួលការអនុវត្ត គឺបានត្រឹមត្រូវតាមកិច្ចសន្យា។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ និងបញ្ចប់នៅថ្ងៃដដែល នាថ្ងៃទី២ ខែឩសភា ឆ្នាំ២០២២ នៅវត្តតាពេជ ទីរួមស្រុកជលគិរី ដែលរៀបចំឡើង ដោយរដ្ឋបាលឃុំព្រៃគ្រី និងមានការអញ្ជើញចូលរួម ពីទីចាត់ការផែនការវិនិយោគខេត្ត កងកម្លាំងសមត្ថកិច្ច ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋចំនួនប្រមាណ ៣០នាក់ ក្នុងនោះស្រី ០២នាក់។
កិច្ចប្រជុំនេះ គឺប្រជាពលរដ្ឋ មានការសប្បាយចិត្ត និងអបអរ ជាពន់ពេក ចំពោះការជួសជុលផ្លូវលំ១ខ្សែនេះឡើងវិញ ដោយពួកគាត់រំពឹងថាតាមរយ:ផ្លូវលំ១ខ្សែនេះ ធ្វើឱ្យពួកគាត់បានពង្រីងលំនៅដ្ឋានពួកគាត់ ទៅនៅតាមផ្លូវនោះ ហើយនឹងមានទេសភាពធម្មជាតិ ព្រោះថា ផ្លូវនោះ ព័ទ្ធជុំវិញតាមជើងភ្នំស្ដេចសើយដោះ ដែលជាភ្នំ មានរឿងនៅក្នុងប្រវត្តិ វប្បធម៌ខ្មែរយើង ហើយមានទឹកហ៊ុមព័ទ្ធជើងភ្នំមួយចំហៀង នៅរដូវវស្សា ញ៉ាំងឱ្យសោភ័ណភាពកាន់តែស្រស់ត្រកាល។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី ពាក់ព័ន្ធនឹងរឿងផ្លូវនេះ គឺសេចក្ដីត្រេកត្រអាល របស់ប្រជាពលរដ្ឋស្រុកជលគិរីផងដែរ
ព្រោះថា ស្រុកជលគិរី គឺកន្លងមក មានការខ្សត់ នូវការ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវនេះឯង តួយ៉ាងដូចជាផ្លូវទំនប់តាកុយជាដើម ដែលមានប្រវែងជាង៥គីឡូ ម៉ែត្រ តែប៉ុណ្ណោះ ដែលជាផ្លូវគោកតែមួយគត់ របស់ស្រុកជលគិរី តភ្ជាប់ ទៅភូមិទំព្រង ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម និងចេញទៅផ្លូវជាតិលេខ៦ ត្រង់ផ្សារផ្អាវ គឺរហូតមកទល់ពេលនេះ នៅតែខូច និងខូចធ្ងន់ធ្ងរ នៅរដូវ វស្សា ជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យប្រជាពលរដ្ឋ ជួបការលំបាកជាខ្លាំងក្នុងធ្វើដំណើរ។
ឯស្ពានបេតុង ឬឈើ នៅតាមផ្លូវមាត់ទន្លេ ស្ទើតែទាំងអស់ គឺទ្រុឌទ្រោម បាក់បែក ធ្លុះធ្លាយ រហូតស្ពានខ្លះ យកស៊ីម៉ង់ទៅប៊ៀកប៉ះក៏មាន …នៅពេលរថយន្តឆ្លងកាត់ម្ដងៗគឺព្រលឹងចុងសក់។
ប្រជាពលរដ្ឋស្រុកជលគិរី សង្ឃឹមថា ថ្នាក់ដឹកនាំស្រុក-ខេត្ត និងថ្នាក់ជាតិ ប្រាកដជាមិនទុកឱ្យប្រជាពលរដ្ឋ នៅលំបាកទៀតទេ ទន្ទឹមគ្នានឹងសង្គមកម្ពុជា បាន និងកំពុងអភិវឌ្ឍន៍ លើគ្រប់វិស័យ ជាទីមោទនភាព ពីប្រជាពលរដ្ឋ ទូទាំងប្រទេស ក្រោមការដឹកនាំ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី៕ ហ៊ី ឈុនលី