
ព្រះវិហារ ៖ នាយប៉ូលីសម្នាក់រងការចោទប្រកាន់ថា បានស្ទុះទៅយកកាំភ្លើង AK47 បាញ់រះទៅលើហ្វូងគោដែលចូលស៊ីដំណាំរបស់ខ្លួនបណ្ដាលឲ្យស្លាប់ ២ក្បាល ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងវេលាម៉ោងប្រមាណ ១២ .៤៥នាទី ថ្ងៃទី០១ ឧសភា ២០២១ ស្ថិតនៅចំនុចភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ។
ជនសង្ស័យមានឈ្មោះ អៀ គាវាសនា និយាយថា ខ្លួនបានដោះស្រាយបញ្ចប់រឿងជាមួយម្ចាស់គោនោះហើយ ដោយសំណងជាលុយចំនួន ៥លានរៀល ដើម្បីបញ្ចប់រឿងផងដែរ។
ដោយឡែក លោកវរៈសេនីយ៍ឯក ឈូន ម៉ាឌី អធិការដ្ឋាននគរបាល ស្រុកឆែបបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អៀ គាវាសនា មានឋានៈអនុសេនីយ៍ត្រីបំរើការ នៅអធិការដ្ឋាននគរបាលស្រុកឆែប ។
លោកបានបន្តទៀតថា តាមចម្លើយជនសង្ស័យបញ្ជាក់ថា មូលហេតុនៃការបាញ់ដោយសារតែ ខឹងនិងហ្វូងគោចូលមកស៊ីដំណាំ ស្របពេលដែលខ្លួនកំពុងធ្វើរបងការពារផងនោះ ទប់កំហឹងមិនបាន ក៏ស្ទុះទៅយកកាំភ្លើងបាញ់សំដៅទៅលើហ្វូងគោទាំងនោះតែម្តងបណ្តាលឲ្យស្លាប់ចំនួន ២ក្បាល ពិតប្រាកដមែន ។
ដោយហេតុជនសង្ស័យខាងលើបានជំរាបទៅដល់ម្ចាស់គោ ជាច្រើនលើកច្រើនសារ ក៏ដូចជាបានរាយការណ៍ជូន មេភូមិ មេឃុំ និងក្រុមប្រឹក្សាឃុំ អោយទៅប្រាប់ម្ចាស់គោផង ព្រោះគេដាំក៏ចង់បានផលដែល តែការជូនដំណឹងនេះមិនមានប្រសិទ្ធភាពព្រោះម្ចាស់គោនៅតែមិនស្តាប់ព្រលែងគោមកសុីដំណាំជាបន្តបន្ទាប់ទើបកើតរឿងបែបនេះ ចំពោះករណីនេះដែរលោកបានកសាងសំណុំរឿងខាងលើ និង ជនសង្ស័យបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីចាត់កាបន្តតាមនិតិវិធីច្បាប់ហើយ។
ប៉ុន្តែ!ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅតែមិនអស់ចិត្តចំពោះទង្វើឆេវឆាវនាយនគរបាលខាងលើថា នេះចំលើសត្វ ប្រសិនបើការទប់កំហឹង ឆេវឆាវរបស់គាត់មិនបាន មកលើប្រជាពលរដ្ឋវិញ តើវាសនារបស់គាត់ នឹង ទទួលលទ្ធដូចសត្វ គោ ឬ យ៉ាងណា?
មហាជនក៏ដូចជាប្រជាពលរដ្ឋសំណូមពរ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងមានវិធានការក្តៅ ចំពោះបុគ្គលខាងលើដែលហ៊ានប្រើប្រាស់អាវុធ ដោយគ្មានការអនុញាតិ និងមានចេតនាបាញ់បោះដោយសេរី ដូចនេះ។ (ទំនាក់ទំនង ការិយាល័យផ្សាយ 066 300 805 / 092 756 766 )