
កំពង់ធំ÷ អ្នកសារព័ត៌មាន មកពី៦អង្គភាព បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញប្រមូលព័ត៌មាន និងសរសេរព័ត៌មាន បង្រៀនដោយ លោកគ្រូ មឿន ឈានណារិទ្ធ សាស្ត្រាចារ្យ នាយកវិទ្យាស្ថានកម្ពុជាផ្នែកសារព័ត៌មាន នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២២ នៅក្លឹបអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
វគ្គបណ្ដុះបណ្ដាលនេះ មានការសហការសម្របសម្រួល ដោយលោក ប៉ាត ពណ្ណរាយ អនុប្រធានមន្ទីរព័ត៌មាន ,លោកអគ្គនាយ កង ចេស្ដា និងចាងហ្វាងអង្គភាពនីមួយខាងលើ ក្នុងគោលបំណងបង្កើនសមត្ថភាពចំណេះ ដឹង ដល់អ្នកសារព័ត៌មាន អនុវត្តន៍នូវវិជ្ជាជីវៈរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
លោកសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ បានជជីកជ្រៅ ទៅលើរបៀបប្រមូលព័ត៌មាន ក្នុងនោះមានបទសម្ភាសន៍ និងការប្រើឧបករណ៍បទសម្ភាសន៍ជាដើម ឯការសសេរ ព័ត៌មានវិញ ក្រៅពីរបៀបសរសេរព័ត៌មាន ឱ្យមានសិល្បៈកន្ត្រាក់អារម្មណ៍មិត្តអ្នកអាន ,អ្នកស្ដាប់នោះ គឺ លោកបាន សង្កត់ធ្ងន់ ទៅលើក្រមសីលធម៌ ក្នុងសរសេរប្រកបដោយរបៀបវិជ្ជាជីវៈ និងច្បាប់។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានរបាំត្រុត នៃយុវជនមជ្ឈមណ្ឌលភូមិអាស៊ីយ៍ បានមករាំជូនពរ ដើម្បីផ្ដល់ជោគជាតារាសី សិរីសួស្ដី និងជ័យមង្គលឆ្នាំថ្មី ដល់សិក្ខាកាម និងលោកសាស្ត្រចារ្យផងដែរ… ជាមួយគ្នានឹងកម្មសិក្សាបទសម្ភាសន៍ មជ្ឈមណ្ឌលភូមិអាស៊ីយ៍នេះតែម្ដង ដែលនឹងចេញផ្សាយក្នុងពេលបន្ទាប់…៕ ដោយ លោក ហ៊ី ឈុនលី