
ខេត្តរតនគិរី ៖ហ៊ូវ ជីវ៉ៃ ជាមេឈ្មួញឈើខុសច្បាប់ដ៏ល្បីឈ្មោះ១រូបយូរមកហើយនៅខេត្តរតនគិរីនោះ បាន និងកំពុងដំណើរការឡើងវិញ នូវការ ដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតឆ្លងដែន យកទៅលក់ នៅប្រទេសវៀតណាម តាមច្រក អូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច នគរបាលការពារព្រំដែនប៉ុស្តិ៍លេខ៥០៧ ដែលមានលោក ខេន សារិន អត្ថលេខ៥៣៧១៦ជាប្រធានប៉ុស្តិ៍ និងខាងវៀតណាមហៅប៉ុស្តិ៍ហ្វាតាំ។
បច្ចុប្បន្នមេឈ្មួញឈើ ដ៏ល្បីឈ្មោះរូបនេះ បាន និងកំពុង ប្រើបក្ខពួក ឱ្យប្រមូលទិញឈើ ជាប្រភេទឈើគ្រឿង នៅក្នុងដែនព្រៃសហគមន៍ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំញ៉ាង ស្រុកអណ្តូងមាស និងដែនព្រៃវិរជ័យហើយដឹកជញ្ជូនចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកខាងលើ។
នេះ ! បើយោងតាមប្រភពព័ត៌មាន ពីខេត្តរតនគិរី នៅពេលថ្មីៗនេះ ហើយប្រភពនេះបានបញ្ជាក់ទៀតថា សកម្មភាពដឹកជញ្ជូនឈើទាំងនេះ គឺដំណើរការបានដោយរលូនទាំងថ្ងៃ -ទាំងយប់ ហើយចាប់ ផ្ដើមសម្រុកខ្លាំង នៅខែមីនា ឆ្នាំ២០២២នេះ ដោយប្រើប្រាស់រថយន្ត ប៉ាកុងកែច្នៃ ជាច្រើនគ្រឿងដឹកឈើ ពីដែនព្រៃខាងលើ ឆ្លងកាត់ភូមិចង,ភូមិចាយ ក្នុងឃុំញ៉ាង ឯដែនព្រៃវិរជ័យដឹកឆ្លងកាត់ ចំណុចអូរកាផា,ចំណុចអូរដំបូក ,អូរកាយ៉ាក់ និងកាត់តាមផ្លូវក្នុង ក្រុមហ៊ុន របស់ ឧកញ៉ា អាន ម៉ារ៉ាឌី ឆ្ពោះទៅចំណុចទំលាក់ឈើ នៅចំណុចព្រុំប្រទល់កំពង់ទឹកច្រកអូរសាថី ក្នុងដែនសមត្ថកិច្ចប៉ុស្តិ៍ លេខ៥០៧ និងខាងវៀតណាមហៅប៉ុស្តិ៍ហ្វាតាំ គឺនៅទីនោះ មានឈ្មួញឈើវៀតណាម ជាច្រើន កំពុងរង់ចាំជាស្រេច ក្នុងការលើកដាក់ ភ្លាមៗឆ្លងទៅត្រើយម្ខាង នៃប្រទេសវៀតណាម។
ប្រភពដដែលនេះ បានបន្តថា សកម្មភាពនេះ មិនមានឃើញសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធខាងណាទៅបង្ក្រាបនោះទេ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ដែលដឹកនាំដោយឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលខេត្ត។
គួរបញ្ជាក់ថា លោក ហ៊ូវ ជីវ៉ៃ មានឈ្មោះបោះសម្លេងយូរហើយ ក្នុងការជួញឈើខុសច្បាប់ទៅប្រទេសវៀតណាមនេះ តែត្រូវបានស្ងាត់មួយដង្ហើមចរិត ដោយសារការរិតបន្តឹង ក្នុងការអនុវត្តន៍ច្បាប់ នៃរាជរដ្ឋា ភិបាល។
ឯមតិប្រជាពលរដ្ឋនិយាយថា គណៈកម្មាធិការបង្ក្រាបធនធានធម្មជាតិ មិនទុក ឱ្យជនដែលប្រព្រឹត្តខុសច្បាប់នៅបន្តសកម្មភាពដដែលៗនោះទេ៕ ដោយ លោក ហ៊ី ឈុនលី