សប្បុរសជននៅហុងកុង ជួយសាងសង់សាលារៀន១ខ្នង និងបន្ទប់ទឹក២បន្ទប់ នៅមូលដ្ឋានស្រុកតាំងគោក

0
81

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សប្បុរសជននៅហុងកុង ជួយសាងសង់សាលារៀន១ខ្នង និងបន្ទប់ទឹក២បន្ទប់ នៅមូលដ្ឋានស្រុកតាំងគោក

     (កំពង់ធំ)៖ អាជ្ញាធរស្រុកតាំងគោក ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានអបអរសាទរចំពោះអគារមត្តេយ្យសិក្សា១ខ្នង និងបន្ទប់ទឹក២បន្ទប់ ដែលជាអំណោយរបស់លោក សៃ ម៉ិន នាយកសាលា ISF នាតំបន់រដ្ឋបាលពិសេសហុងកុង និងសហការី។

       ពិធីសម្ពោធអគារសាលារៀនថ្មីនេះត្រូវបានរៀបចំឡើងនៅសាលាបឋមសិក្សាសិក្សាគុហ៍ព្រះធាតុ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក សៃ ម៉ិន នាយកសាលា ISFព្រមទាំងវត្តមានរបស់ថ្នាក់ដឹកនាំស្រុក កងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ទៀត។

     លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានលើកឡើងថា 
អគារមត្តេយសិក្សា១ខ្នង និងបន្ទប់ទឹក២បន្ទប់នេះ គឺជាសមិទ្ធផលថ្មីរបស់ដៃគូអភិវឌ្ឍចាស់លើទឹកដីឃុំស្រឡៅ ដែលមានលោក សៃ ម៉ិន ជាតួអង្គដ៏សំខាន់ ដើម្បីជួយអភិវឌ្ឍន៍វិស័យអប់រំឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងជួយកាត់បន្ថយអត្រារបស់បងការសិក្សារបស់សិស្សានុសិស្ស។

      លោកអភិបាលស្រុកបានបន្តថា តាមរយៈទឹកចិត្តនិងសកម្មភាពសប្បុរសធម៌នេះដែរ អាជ្ញាធរស្រុកតាំងគោក ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ពិតជាមានការអបអរសាទរយ៉ាងក្រៃលែងចំពោះលោក សៃ ម៉ិន និងសហការី មកពីតំបន់រដ្ឋបាលពិសេសហុងកុង ដែលបានចំណាយពេលវេលា និងថវិកាដើម្បីជួយដល់កុមារកម្ពុជាឱ្យបានសិក្សារៀនសូត្រគ្រប់ៗគ្នា។

     លោក ហាក់ ម៉ុងហួត ក៏បានលើកឡើងពីកត្តាសន្តិភាព ស្ថិរភាពសង្គម ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក៏ដូចជាការបន្តខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏ជួយជំរុញវិស័យអប់រំនៅតាមមូលដ្ឋានផងដែរ តួយ៉ាងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍ និងសប្បុរសជននៅក្រៅប្រទេស រហូតដល់ឈានដល់ការសម្រេចបាននូវសមិទ្ធផលដ៏មានសារសំខាន់នាពេលនេះ ក៏ដោយសារផលដែលកើតចេញកត្តាសន្តិភាពនេះដែរ។

      លោក ហាក់ ម៉ុងហួត បានរំឭកឱ្យដឹងថា រយៈពេលជាង១០ឆ្នាំហើយដែលលោក សៃ ម៉ិន និងសហការី បានធ្វើការងារសប្បុរសធម៌ សង្គមធម៌ជាច្រើននៅមូលដ្ឋានស្រុកតាំងគោក ក្នុងនោះបានជួយឧបត្ថម្ភការជីកអណ្ដូងទឹកជូនប្រជាពលរដ្ឋ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្រីក្រ ជួយជួសជុលបន្ទប់សិក្សា ក៏ដូចជាផ្ដល់សម្ភារសិក្សា សម្ភារកម្សាន្តសម្រាប់កុមារយ៉ាងច្រើន។

     លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមទាំងប្រជាពលរដ្ឋបានសម្ដែងនូវការអរគុណចំពោះលោក សៃ ម៉ិន នាយកសាលា ISF និងសហការី ដែលបានបន្តជួយគាំទ្រឧបត្ថម្ភ និងរួមចំណែកអភិវឌ្ឍនៅមូលដ្ឋានជារឿយៗកន្លងមកនេះ។ ទន្ទឹមនឹងការថ្លែងអំណរគុណនោះ លោកអភិបាលស្រុកក៏បានបង្ហាញក្ដីសង្ឃឹមថា លោក សៃ ម៉ិន និងសហការី នឹងបន្តចូលរួមក្នុងកិច្ចអភិវឌ្ឍនៅមូលដ្ឋានស្រុកតាំងគោកបន្ថែមទៀត៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here