មន្ទីរបរិស្ថានខេត្តកំពង់ធំ រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក០៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ(ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត)

0
34

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

មន្ទីរបរិស្ថានខេត្តកំពង់ធំ រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក០៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ(ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត)

         (កំពង់ធំ)÷មន្ទីរបរិស្ថានរៀបចំពិធី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក០៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ (ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត)ក្រោមអធិបតីភាព ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក លោកស្រីតំណាងអង្គការក្រៅរដ្ឋាភិបាល មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត នៅព្រឹកថ្ងៃទី២៧  ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណសួនស្ទឹងសែន ខេត្តកំពង់ធំ។

      លោក តុប កក្តា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានលើកឡើងថា ចាប់តាំងពីពេលបង្កើតទិវានេះមក ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានប្រារព្ធធ្វើឡើងនៅ ទូទាំងប្រទេស គ្រប់រាជធានី-ខេត្ត។ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីភាពចាំបាច់ និងសារ:សំខាន់នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ និងការប្រើប្រាស់ដីដោយនិរន្តរភាព។ ដោយស្របទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាដែលកំពុងជួបប្រទះ ជាពិសេស ការថយចុះនៃផលិតភាពដី ការកាប់ទន្ទ្រានដីព្រៃធ្វើកសិកម្ម ទឹកនៅក្នុងប្រព័ន្ធផ្លូវទឹកធម្មជាតិរីងរាក់ និងការកើនទ្បើងនូវកំដៅនៅលើភពផែនដី ដែលទាមទារឱ្យយើងទាំងអស់គ្នា ប្រជាជាតិទាំងអស់រួមគ្នាដោះស្រាយទៅតាមលទ្ធភាព ដែលអាចធ្វើបាន។

      ថ្លៃនៅក្នុងកម្មវិធីនេះឯកឧត្តម ញឹក បានខេង មានប្រសាសន៍ថា ការលើកទឹកចិត្តដល់សាធារណជន ប្រជាសហករ ប្រជាសហគមន៍ ជាពិសេសប្អូនៗសិស្សានុសិស្ស យល់អំពីបញ្ហាបរិស្ថាន ធនធានដី ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យក្លាយទៅជាភ្នាក់ងារសកម្មរួមគ្នាថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ និងកែប្រែគុណភាពដី រហោស្ថានកម្ម ព្រមទាំងបង្កើនភាពស៊ាំទៅនឹងគ្រោះរាំងស្ងួត សំដៅធ្វើឱ្យប្រសើរទ្បើងនូវជីវភាពរស់នៅ ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ។ ប្រព័ន្ធអេកូឡូស៊ីនៃផែនដីកំពុងប្រឈមនឹងភាពរីចរិល ដោយសារតែតម្រូវការប្រើប្រាស់ដោយមិនមាននិរន្តរភាព ការដកហូត និងការប្រើប្រាស់ធនធានធម្មជាតិហួសប្រមាណ រួមទាំងការប្រើប្រាស់ដីសម្រាប់កសិកម្ម មិនគោរពតាមការណែនាំបច្ចេកទេស ធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗកើតមានទ្បើងដូចជា÷ ការទ្បើងកំដៅ គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ផ្គររន្ទះ និងការថយចុះនៃជីជាតិដីកសិកម្ម។

      ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ ក៏បានបន្តទៀតថា យើងទាំងអស់គ្នា ចាំបាច់ត្រូវតែចូលរួមថែរក្សាភពផែនដី និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ដូចជាការថែរក្សា អភិរក្សព្រៃឈើ ការដាំស្តារព្រៃឈើឡើងវិញ ការប្រើប្រាស់ថាមពលនិងទឹកដោយលក្ខណៈសន្សំសំចៃ ធានាសន្តិសុខស្បៀងតាមគ្រួសារ ការជីកឬស្តារស្រះរក្សាទុកទឹកប្រើប្រាស់ នៅពេលមានគ្រោះរាំងស្ងួត និងការដាំកូនឈើហូបផ្លែនៅតាមដីលំនៅដ្ឋាន ដីចំការដើម្បីទទួលបាននូវខ្យល់បរិសុទ្ធ សម្រាប់ការរស់នៅដ៏ស្រស់ស្រាយ ត្រជាក់ត្រជុំ និងផាសុខភាព។

     ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា ហេតុដូចនេះ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកស្តីពី «ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» បានប្រារព្ធធ្វើទ្បើងដើម្បីពញ្ញាក់ស្មារតី និងជំរុញសាធារណៈជន ជាពិសេសសិស្សានុសិស្ស ដែលជាអ្នកជំនាន់ក្រោយ ជាសសរទ្រូងនៃប្រទេសកម្ពុជា ឱ្យប្តេជ្ញាចិត្តអនុវត្តជាគម្រូនូវកសិកម្មដែលវៃឆ្លាតនឹងអាកាសធាតុដើម្បីធ្វើឱ្យប្រសើរទ្បើងនូវគុណភាពដី ចូលរួមដាំកូនឈើនៅលើដីកម្មសិទ្ធិរបស់ខ្លួន និងនៅលើដីព្រៃរបស់រដ្ឋប្រើប្រាស់ទឹក និងថាមពលដោយលក្ខណៈសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យនៅកម្រិតអប្បបរមា។

      

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here