
(កំពង់ធំ)÷ រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី លោក សៅ វណ្ណសារីវុធ នាយសង្កាត់ជលផលសង្កាត់កំពង់ស្វាយ បានសហការជាមួយលោក ផន ផាត អធិការរង និងលោក អ៊ុត ធារៈ នាយប៉ុស្តិ៍នគរបាលស្រុកកំពង់ស្វាយ បានចុះបង្ក្រាបករណីឆក់ត្រីនៅតំបន់(ស្រះត្រពាំងកកោះ) ស្ថិតនៅភូមិត្រពាំងប្រលិត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ដោយប្រើឧបរណ៍ឆក់ខុសច្បាប់ពិតប្រាកដមែន ក្រោយទទួលបានការសហការជាមួយ កងកម្លាំងប៉ុស្តិ៍នគរបាលស្រុកកំពង់ស្វាយ។
ដោយបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានចុះទៅដល់កន្លែងប្រព្រឹត្តបទល្មើស បានឃាត់ជនសង្ស័យនរួមមានវត្ថុតាងឧបករណ៍ឆក់ ព្រមទាំងត្រី ហើយបាននាំជនសង្ស័យទាំង០៣នាក់មកសួរនាំនៅប៉ុស្តិ៍នគរបាលស្រុកកំពង់ស្វាយរួចរាល់ហើយ ក៏បានបញ្ជូនមកអធិការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលមានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ អេង អាន់ ភេទប្រុស អាយុ៤៤ឆ្នាំ ២.ឈ្មោះ ឡី រដ្ឋា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរជាកសិករទាំងពីនាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។ ៣.ឈ្មោះ អេង រិទ្ធ ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
បន្ទាប់ពីសួរនាំពួកគេបានសារភាពខ្លួនពិតជាបាននាំគ្នាយកឧបករណ៍ម៉ូទ័រឆក់ទៅឆក់ត្រីនៅតំបន់(ស្រះត្រពាំងកកោះ) ស្ថិតនៅភូមិត្រពាំងប្រលិត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំពិតមែន។ ជនសង្ស័យទាំង០៣នាក់ និងឧបករណ៍ឆក់ត្រីត្រូវបានប្រគល់ជូនជំនាញជលផលបំពេញនីតិវិធីតាមច្បាប់ ។