កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពរយៈពេលមួយខែ របស់គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ 

0
25

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពរយៈពេលមួយខែ របស់គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ 

    (ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលសកម្មភាពការងាររយៈពេលមួយខែ ក្នុងការអនុវត្តផែនការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ  អភិបាលខេត្ត ប្រធានគណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ។

     លោកវរសេនីយ៍ឯក សោម សុភាវុធ  មេបញ្ជាការរង នាយសេនាធិការ ក្នុងនាមក្រុមលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្ដីពីកិច្ចប្រតិបត្តិការ ក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប រយៈពេលមួយខែ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ទទួលបានលទ្ធផលជោគជ័យ គួរជាទីមោទនៈ ដោយបានរកឃើញ និងរឹបអូសយកដី ដែលជនល្មើសកាប់ទន្ទ្រានយកមករក្សាទុក ជាដីរបស់រដ្ឋ បានជាច្រើនរយហិកតានិងបានចាប់ឃាត់ខ្លួនជនល្មើសមួយចំនួន ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន។

     ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងគូសបញ្ជាក់អំពីចំណុចខ្លាំងដែលអនុវត្តន៍បាន បញ្ហាប្រឈមក្នុងពេលប្រតិបត្តិការ  រយៈពេលពេញមួយខែកន្លងទៅ និងទិសដៅមួយចំនួនដែលត្រូវអនុវត្តបន្ត។ ហើយនឹងបានសំណូមពរដល់គណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិ ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារគ្រប់គ្រងដីដែលបានរកឃើញដោយជនល្មើសកាប់ទន្ទ្រានយកកន្លងមកឲ្យបាម៉ត់ចត់ និងត្រូវស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដែលបានកាប់ទន្ទ្រានយកដីរបស់រដ្ឋថ្មីៗ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយកុំឱ្យមានការលើកលែងឬយោគយល់ឡើយ។

       ឯកឧត្តម ងួន រតនៈ បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន ដែលមានការពាក់ព័ន្ធបានខិតខំប្រឹងប្រែងក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងផែនការ ប្រើប្រាស់កម្លាំងសរុប វិធានការសរុប ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំដោយទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ ។ នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ប្រធាន គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ឋ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព នូវបទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល ដោយត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានយល់ជ្រួតជ្រាប និងត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here