រដ្ឋបាលស្រុកតាំងគោក បានរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៤

0
25

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋបាលស្រុកតាំងគោក បានរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៤

    (កំពង់ធំ)៖ រដ្ឋបាលស្រុកតាំងគោក បានរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ប៊ុន ឈួន អភិបាលស្រុក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅវត្តស្រះកណ្តាល ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

     លោក ហាក់ ម៉ុងហួត បានលើកឡើងថាទិវាជាតិនៃការចងចាំ ២០ ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ការប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារ ព្រៃផ្សៃ សាហាវយង់ឃ្នង ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។

        លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេសមហាអស្ចារ្យ មហាលោតភ្លោះដ៍ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី  លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួម-ហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ល។ ជាងនេះគោលនយោបាយនៃរបបអាវខ្មៅនេះ បានចាប់ផ្ដើមសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។  ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩  បានបង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៍ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។

     លោកអភិបាលស្រុកបានរំលឹកឡើងថា យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង សម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

      លោកអភិបាលស្រុកតាំងគោក បានសង្កត់ធ្ងន់ថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថេរភាព របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ  ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here