យោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ទស្សនា និងស្តាប់កិច្ចពន្យល់របស់រដ្ឋមន្ត្រី និងមន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់ជុំវិញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
(កំពង់ធំ)÷ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រូបង្គោលមកពីតាមបណ្ដាកងឯកភាពចំណុះ ចូលរួមទស្សនា និងស្តាប់កិច្ចពន្យល់របស់រដ្ឋមន្ត្រី និងមន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់ជុំវិញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលការពន្យល់បកស្រាយនេះធ្វើឡើងដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ស្រ៊ឺ បូរ៉ា មន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់កិច្ចការព្រំដែន ជុំវិញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈការដាក់បញ្ចាំងតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ជូនយោធិនបានទស្សនា និងស្ដាប់កិច្ចពន្យល់នៅពេលនេះផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនថា កន្លងទៅនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធបានពន្យល់ល្អិតអំពីបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV _DTA និងការបោះបង្គោលព្រំដែនរវាងកម្ពុជា ឡាវ និងវៀតណាម មិនមានធ្វើឲ្យបាត់បង់ដីរបស់ប្រទេសកម្ពុជាទៅប្រទេសជិតខាងឡើយ។ តែពួកក្រុមជ្រុលនិយមមួយក្តាប់តូចនៅតែបន្តញុះញង់បំផុសបំផុល បំភ្លៃការពិតលើគ្រប់រូបភាព ក្នុងគោលបំណងប្រើប្រាស់អំពើហិង្សាមិនប្រជាធិបតេយ្យ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយប្រជាជនបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលុប។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ក្រោយពីបានទស្សនា និងស្ដាប់កិច្ចពន្យល់យ៉ាងក្បោះក្បាយពីរដ្ឋមន្ត្រី និងមន្ត្រីជំនាញជាន់ខ្ពស់ស្ដីពីកិច្ចការបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម រួចមក បានធ្វើឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានកាន់តែយល់ច្បាស់បន្ថែមទៀត ងាយស្រួលក្នុងការទៅផ្សព្វផ្សាយពន្យល់ដល់ក្រុមគ្រួសារ និងប្រជាជននៅតាមមូលដ្ឋាននានាឲ្យបានយល់ជ្រួតជ្រាបបន្ថែមទៀត ផងដែរ។
នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្ដេជ្ញាចិត្តដាចខាត ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងត្រៀមខ្លួនរួចជាស្រេចក្នុងការកំចាត់ចោលជនទាំងឡាយណា ដែលមានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ដែលកំពុងមានដូចសព្វថ្ងៃនេះ ឲ្យបានជាដាច់ខាត។