(កំពង់ធំ)÷ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន លោក ធន ធុង នាយកសាលាវិទ្យាល័យស្ទឹងសែន នាយិការង នាយករង លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យប្រាក់សាមគ្គីនៅវិទ្យាល័យស្ទឹងសែន ស្ថិតនៅសង្កាត់ស្រយ៉ូវ ក្រុងទឹកសែន ខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។
លោក ធន ធុង នាយកសាលាវិទ្យាល័យស្ទឹងសែន បានលើកឡើងពីរស្ថានភាពទូទៅក្នុងឆ្នាំសិក្សា២០២៤.២០២៥
អគារសិក្សាមាន០៦ខ្នង ស្មើនឹង៣១បន្ទប់ (ដកធ្វើទីចាត់ការ០២បន្ទប់ បណ្ណាល័យ០១បន្ទប់ ពិសោធន៍០១បន្ទប់ យុវជន០១បន្ទប់ មុខវិជ្ជា០៣បន្ទប់មានគីមី.ជីវៈ រូប នៅសល់២៣បន្ទប់ ថ្នាក់រៀនមាន២៩ថ្នាក់)។ បុគ្គលិកមានចំនួន៦៨នាក់ស្រី៣៣នាក់។ សិស្សមធ្យមសិក្សាបឋមភូមិមាន៦៩១នាក់ស្រី៥៥៩នាក់។ សិស្សមធ្យមសិក្សាទុតិយភូមិភូមិមាន៦៥០នាក់ ស្រី២៨៣នាក់-សរុបរួមមាន១.៣៤១នាក់ស្រី៨៤២នាក់។ ដីសាលាបណ្តោយមានប្រវែង៥២០ម៉ែត្រទទឹង២២៧.៩ម៉ែត្រ។ ផ្លូវបេតុងដែលត្រូវចាក់ ពីអគារថវិការដ្ឋដល់អគារជប៉ុនប្រវែង១៥៨ម៉ែត្រ×៤ ពីដងទង់ជាតិដល់អគារជប៉ុន៧៥ម៉ែត្រ×៤ សរុប៩៣២ម៉ែត្រការ៉េ×៥៤០០០រៀល ស្មើនិង៥០.៣២៨.០០០រៀល។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងពី សារៈប្រយោជន៍នៃការសិក្សារៀនសូត្ររបស់សិស្សានុសិស្សប្រកបដោយសមត្ថភាព ភាពស្អាតស្អំ ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា ពង្រីកវិសាលភាព និងប្រសិទ្ធភាព នៃប្រព័ន្ធគាំពារសង្គម បង្កើតការងារ ការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គម។
ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរំលេចអំពីអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន ក្នុងការបំផុសស្មារតីដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ ឱ្យយល់កាន់តែច្បាស់ អំពីគុណតម្លៃនៃសុខសន្តិភាព រួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ ចូលរួមការពារនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ចូលរួមការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិសង្គម។
ឯកឧត្តមបានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ដែលកំពុងសិក្សានៅវិទ្យាល័យស្ទឹងសែននេះ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូអ្នកគ្រូ ដើម្បីអភិវឌ្ឍខ្លួនជាសសរទ្រូងនៃប្រទេសជាតិ និងគោរពដឹងគុណរាជរដ្ឋាភិបាល។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ មិនប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើឱ្យមានអំពើហិង្សានៅក្នុងគ្រួសារ។
សូមបញ្ជាក់ផងដែរថា ក្រោយពីប្រារព្ធពិធីចប់ឯកឧត្តម និងក្រុមការងារ ព្រមទាំងសិស្សានុសិស្សបានរាប់បាតដល់ព្រះសង្ឃចំនួន១២០អង្គផងដែរ។