(កំពង់ធំ)៖ សមិទ្ធផលនានាដែលត្រូវបានកសាងឡើងសម្រាប់ព្រះពុទ្ធសាសនា ព្រះសង្ឃ និងពុទ្ធបរិស័ទ ត្រូវបានធ្វើឡើងពិធីបុណ្យឆ្លង និងពុទ្ធាពិសេកក្នុងវត្តរស្មីសាមគ្គី ហៅវត្តពង្រចាស់ ដែលស្ថិតក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក មន្រ្តីរាជការ កងកម្លាំងទាំងបីចំណុះឱ្យរដ្ឋបាលស្រុកតាំងគោក លោកយាយ លោកតា ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ៥០០នាក់ អញ្ជើញក្នុងពិធីឆ្លងសមិទ្ធផលនានាក្នុងវត្តរស្មីសាមគ្គី ហៅវត្តពង្រចាស់។
លោកអភិបាលស្រុក បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឆ្លៀសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងសម្រេចបានការអភិវឌ្ឍគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ សម្រាប់ផ្នែកពុទ្ធចក្រ ពុទ្ធសាសនាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្លាយជាកម្លាំងមួយដែលជួយពង្រឹងសង្គមកម្ពុជាមានសាមគ្គីភាព និងជាម្លប់សម្រាប់ប្រជាជនទូទាំងប្រទេស។
លោកក៏បន្តទៀតថាសមិទ្ធផលថ្មីមួយដែលកើតចេញពីការដឹកនាំ កសាងរបស់ព្រះអង្គចៅអធិការវត្ត រួមទាំងកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋទីជិតឆ្ងាយ ដែលបានចំណាយនូវថវិកាធនធាន ដើម្បីចូលរួកសាងនូវសមិទ្ធផលនានាទាំងអស់នេះឡើង ដើម្បីទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ដែលជាផ្នែកមួយក្នុងការពង្រឹងនៃអាយុកាលព្រះពុទ្ធសាសនាគ្រប់៥ពាន់ព្រះវស្សា។
សូមបញ្ជាក់ផងដែរថា សមិទ្ធិផលដែលឆ្លងនេះមាន សាលាឆាន់ទំហំ២៥ម៉ែត្រ ទទឹង២០ម៉ែត្រ ចំណាយថវិកា៣០ម៉ឺនដុល្លារអាមេរិក របងប្រវែង៤០០ម៉ែត្រ អំពូលសូឡា និងអណ្តូងទឹក ចំណាយថវិកា៣០.៨៩០ដុល្លារសហរដ្ឋអាមេរិកផងដែរ។