ឯកឧត្តម​ ឡោ​ រស្មី​ អញ្ជេីញចូលរួមសំណេះសំណាលជាមួយអាជីវករជីកសិកម្ម​  និងថ្នាំកសិកម្មក្នុងខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ​)៖​ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឡោ​ រស្មី​ អនុ​រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាជីវករលក់ដុំ​ លក់រាយថ្នាំកសិកម្ម​ និងជីកសិកម្ម​ នៅក្នងខេត្តកំពង់ធំ។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកជំទាវ​ ហ៊ូ​ សុពណ៍ អនុ​រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ឯកឧត្តម ព្រឹម​ រដ្ឋាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោកអនុប្រធានមន្ទីរកសិកម្មខេត្ត មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងអាជីវករចូលរួមសរុប ២០៥នាក់ និងមន្រ្តីកសិកម្មឃុំ-ស្រុក​ ​២១នាក់ផងដែរ។

នាឱកាសនោះ ឯកឧត្តម​ ព្រឹម​ រដ្ឋា​ បានសំណូមពរដល់អាជីវករក្នុងខេត្តកំពង់ធំ​ទាំងអស់ ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាល​មួយចំនួនដែលរៀបចំឡេីងដោយក្រសួងកសិកម្មឱ្យបានញឹកញាប់ ដើម្បីធានាថា នៅពេលរៀនចប់ នឹងក្លាយជាអាជីវករជី-ថ្នាំកសិកម្ម ប្រកបដោយមនសិការវិជ្ជាជីវៈ ជាអ្នកប្រឹក្សាយោបល់ដ៏ល្អដល់អ្នកប្រើប្រាស់ និងតម្រូវការរបស់ប្រជាកសិករ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ឱ្យចេះបែងចែករវាងជី-ថ្នាំកសិកម្ម និងទំនិញផ្សេងៗ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់គ្រួសារខ្លួនឯង និងសុខភាពសាធារណជៀសវាងធ្វើឱ្យបាត់បង់តុល្យភាពជីវសាស្រ្ត បរិស្ថាន ដូចជា ទឹក ដី បរិយាកាស និងជាឧបសគ្គដល់ការនាំចេញកសិផលទៅលក់នៅក្រៅប្រទេស។

ជាមួយគ្នានោះផងដែរ​ ឯកឧត្តម​ ឡោ​ រស្មី​ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ដែលបានសហការក្នុងការគ្រប់គ្រងដល់អាជីវករធាតុចូលកសិកម្ម និងទប់ស្កាត់ការចរាចរណ៍ជី-ថ្នាំកសិកម្មខុសច្បាប់ នៅតាមព្រំដែន តាមគោលការណ៍ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍​ និងសហគមន៍” ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រង ផ្គត់ផ្គង់ និងចែកចាយធាតុចូលកសិកម្ម ផ្សារភ្ជាប់ជាមួយមន្រ្តីជំនាញបច្ចេកទេស មន្រ្តីកសិកម្មឃុំ ក្នុងការធានាបាននូវគុណភាពផលិតផលកសិកម្មក្នុងស្រុក និងប្រសិទ្ធភាពសេដ្ឋកិច្ច និងបន្តចូលរួមទប់ស្កាត់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្មខុសច្បាប់នៅលើទីផ្សារ។

ទន្ទឹមនឹងនោះ ឯកឧត្តមបានលើកឡើងអំពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគាំទ្រដល់វិស័យកសិកម្មក្នុងការជួយរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើន ដែលក្រសួងសម្រេចបាននាពេលកន្លងមក។ ជាពិសេស ការរៀបចំគោលនយោបាយផលិតជីសរីរាង្គ ឱ្យផលិតជីសរីរាង្គក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ។

ឯកឧត្តម​ ឡោ​ រស្មី​ បានសំណូមពរដល់ក្រុមហ៊ុន​ អាជីវករ​  និងមន្រ្តីកសិកម្មឃុំ​ ទាំងអស់ចូលរួមចែករំលែកនូវចំណេះដឹងអោយបានទូលំទូលាយនិងសុីជម្រៅ​ ជាពិសេសអំពីការប្រេីប្រាស់ជីកសិកម្មអោយបានត្រឹមត្រូវទៅតាមស្ថានភាពដំណាំ​  និងដី​ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាងៗខ្លួន។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun