(កំពង់ធំ)÷ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងអង្គការហែឡែនខែលល័រអន្តរជាតិប្រចាំខេត្តកំពង់ធំ បានបើកសិក្ខាសាលាតម្រង់ទិសការពិព័ណ៌តាមសាលារៀនស្ដីពី អាហារសុខភាព ជូនលោក លោកស្រីនាយក នាយិកាសាលារៀនបឋមសិក្សាចំនួន១០សាលាគោលដៅ របស់អង្គការ ក្នុងស្រុកតាំងគោក នៅសាលប្រជុំរដ្ឋបាលស្រុកតាំងគោក ក្រោមកិច្ចសម្របសម្រួលរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសនេះ លោកប៊ី រីដែន មន្ត្រីអង្គការហែឡែនខែលល័រអន្តរជាតិប្រចាំខេត្តកំពង់ធំបានលើកឡើងថាការរៀបចំពីព័ណ៌នេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយជំងឺមិនឆ្លងនៅកម្ពុជា ដោយជំរុញការយល់ដឹងបន្ថែមពីកត្តាហានិភ័យ និងបង្ការជំងឺមិនឆ្លង ឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ស្គាល់របបអាហារសុខភាព មានទម្លាប់ប្រើប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច ពិសេសគឺការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀន ស្របតាមសេចក្ដីណែនាំលេខ១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ជាមួយគ្នានោះមានមតិក្នុងពិធីបើកសិក្ខាសាលាលោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដល់លោកគ្រូ អ្នកគ្រូ លោក លោកស្រីនាយក នាយិកាសាលាគោលដៅទាំង១០ ដែលបានចូលរួមក្នុងសិក្ខាសាលានោះ ព្រមទាំងលើកឡើងពីភាពចាំបាច់នៃការងារលើកកម្ពស់សុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា ដែលជាមូលដ្ឋានគន្លឹះធានាបាននូវការសិក្សាប្រកបដោយនិរន្តរភាព គុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សា ព្រមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសង្គម ពិសេសការចូលរួមចំណែកសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
លោកប្រធានការិយាល័យបានលើកឡើងពីសម្បទាទាំងប្រាំរបស់មូលធនមនុស្សគឺវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយចិត្តសម្បទា ដែលផ្តោតសំខាន់លើសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលិកអប់រំ និងអ្នកសិក្សា និងទី៥គឺសម្បទាស្នេហាជាតិ ហើយដែលទាំងអស់នេះគឺនឹងកើតចេញពីលោកគ្រូ អ្នកគ្រូ ដែលជាប្រតិបត្តិករដ៏សំខាន់មិនអាចខ្វះបាន។
នៅទីបញ្ចប់លោកប្រធានការិយាល័យ បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងសាលារៀន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញនូវការអនុវត្តសេចក្ដីណែនាំលេខ៧១ និងលេខ១៨ របស់ក្រសួងអប់រំ យុវជន និងកីឡាដោយធ្វើយ៉ាងរៀបចំឱ្យមានគណៈកម្មការសុខភាពសិក្សាថ្នាក់សាលារៀននិងមានសមាសភាពពីគ្រប់ភាគីពាក់ព័ន្ធ ការរៀបចំឱ្យមានការដាំដំណាំចម្រុះ(សួនជីវៈចម្រុះ)ដោយធ្វើយ៉ាងណាដាំឱ្យបានផលិតបីប្រភេទលើរងតែមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់ជី និងទឹក ការដាំដើមឈើយកម្លប់ឱ្យបានច្រើនដើម្បីធានានឹងការប្រែប្រួលអាកាសធាតុ ការជំរុញការអនុវត្តនូវស្តង់ដាសាលារៀនគំរូឱ្យមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ព្រមទាំងពីរបៀបរបបរាយការណ៍បន្ទាន់នៅពេលមានបញ្ហាគ្រោះមហ្តរាយ ជូនដល់សិក្ខាកាមផងដែរ។
បន្ទាប់មកលោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា និងលោក ឡុញ គីណាល់ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកតាំងគោកបានបន្តសកម្មចុះពិនិត្យការលក់ដូរចំណីអាហារនៅក្នុងវិទ្យាល័យទ្រៀល ព្រមទាំងបានណែនាំដល់អាជីវករទាំងអស់ត្រូវគោរពតាមកិច្ចសន្យាលក់ដូរជាមួយនាយកសាលា និងអនុវត្តឱ្យបានជាដាច់ខាតតាមសេចក្ដីណែនាំលេខ១៨ និងលេខ៧១ របស់ក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានបឋមសិក្សាចំនួន០៥សាលា របស់គម្រោងអង្គការHelekeller.Int បានរៀបចំពិព័ណ៌សាលារៀន ស្ដីពីអាហារប្រកបដោយសុខភាព ដែលមានសមាសភាពលោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្សប្រមាណ១០០នាក់ ស្រី៧៤នាក់ បានចូលរួមការរៀបចំតាំងពិព័ណ៌នោះ ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងស្ដីពីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា ដោយជំរុញការយល់ដឹងបន្ថែមពីកត្តាហានិភ័យ និងបង្ការជំងឺមិនឆ្លង ឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ស្គាល់របបអាហារសុខភាព មានទម្លាប់ប្រើប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច ពិសេសគឺការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀន ស្របតាមសេចក្ដីណែនាំលេខ១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា។