(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពង់ធំ បានដឹកនាំសហការី នៃក្រុមការងារប្រឡងប្រណាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅរបស់កងទ័ព បង្កើនបន្ថែមលើគោលរបប ដែលថ្នាក់បានកំណត់ ក្នុងចលនាប្រឡងប្រណាំងនៅផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្នុងសង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា កងកម្លាំងផ្នែកសឹករងស្ទឹងសែន ក្រៅពីភារកិច្ចស្នូលក្នុងការងារហ្វឹកហ្វឺនរៀនសូត្រ ការសហការចូលរួមអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព និងបានចូលរួមអនុវត្តន៍បទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការ ការពារ ទប់ស្កាត់ និងបង្រាបបទល្មើសធនធានធម្មជាតិ ដោយឡែកក៏បានយកចិត្តទុកដាក់ក្នុងការកសាងអង្គភាពរឹងមាំ ដោយបានដំណើរការដាំដុះដំណាំ នឹងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរបស់កងទ័ពបង្កើនបន្ថែមលើគោលរបប ដែលក្រសួងការពារជាតិ បានកំណត់ ហើយបងប្អូនមានការហូបចុកនៅក្នុងផ្ទះបាយរបស់អង្គភាពប្រចាំថ្ងៃបានល្អប្រសេីរ។ ក្នុងនោះអង្គភាពមានស្រះចិញ្ចឹមត្រីចំនួន២ ស្រះ មានត្រីប្រមាណជាង ៣០ ,០០០ ក្បាល ចិញ្ចឹមគោចំនួន២២ក្បាល ដេីម្បីដោះស្រាយផ្តល់ជូនបងប្អូនយោធិនដែលត្រូវក្រសួងការពារជាតិដាក់ឲ្យចូលសោធន៍និវត្តន៍ និងមាន មាន់ ទា ក្ងាន មួយចំនួនទៀតផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅផ្នែកសឹករងស្ទឹងសែន ដែលបានខិតខំបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូនឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងនោះដែរអង្គភាព ផ្នែកសឹករងស្ទឹងសែន ជាអង្គភាព មួយ ដែលមានស្នាដៃល្អក្នុងការងារចលនាប្រឡងប្រណាំងទាំង៥ខ្លឹមសារ ដែលថ្នាក់លើបានដាក់ចេញ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពបានយ៉ាងល្អប្រសើរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំបន្ថែមដល់យោធិនទាំងអស់ ត្រូវខិតខំអនុវត្តឱ្យបានល្អ នូវខ្លឹមសារចលនាប្រឡងប្រណាំងទាំង៥ ដែលយោធភូមិភាគទី៤ បានដាក់ចេញឲ្យទទួលបានជោគជ័យ និងត្រូវប្តេជ្ញាចិត្តដាច់ខាតក្នុងភារកិច្ច ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍន៍ ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។