មិនខុសអីនឹងប្រសាសន៍សម្ដេច ស ខេងទេ ប្រជាពលរដ្ឋស្រុកជលគិរី គ្រាន់តែលឺថា ហៃ មនោរម្យ ចៅហ្វាយ ស្រុកជលគិរីឆ្លងជម្ងឺកូវីត១៩ភ្លាម ម្នាក់ៗអុជធូបបន់ឲ្យស្លាប់ នឹងសែន ជ្រូកខ្វៃ

0
1110


កំពង់ឆ្នាំង៖ អី..! ក៏ស្អប់ម្លឹងៗ គ្រាន់តែលោកអភិបាលស្រុកជលគិរី ហៃ មនោរម្យ កើតជម្ងឺកូវីត ១៩ភ្លាម អ្នកស្រុកជលគិរី នាំគ្នានិយាយតាមទីផ្សារ និងទីប្រជុំជន ដាក់ទំនាយ និងបន់ស្រន់ សុំឲ្យបារមីស័ក្ដសិទ្ធនៅស្រុកជលគិរី សុំឲ្យចៅហ្វាយ ស្រុករូបនេះ ងាប់តៃហោងឲ្យបានឆាប់ៗពួកគាត់នឹងសែន ជ្រូកខ្វៃ និងគ្រឿងសក្ការៈបូជា ទៀតផង។

ប្រជាពលរដ្ឋទាំងនោះ បាននិយាយឲ្យដឹងថា តាំងពីចៅហ្វាយស្រុកនេះ មកនៅកាលណា គឺលក់អស់ខ្ទេចខ្ទីរ តាំងពីដីទីតាំងប៉ូលីស ,ដីក្រោយសាលាស្រុក ,ដីចញ្ចើមស្រះខាងលិច មុខសាលាស្រុក,ដីទីផ្សារ នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ឯដីទីផ្សារគឺលក់១ប្លង់៣០០០ ទៅ៣៥០០ដុល្លា ក្នុងមួយកន្លែង ហើយធ្វើប្លង់កាន់កាប់ឲ្យទៀតផង ។

ចំពោះគ្រឿងចក្រ កាយដីភ្នំ, កាប់ដីស្រែប្រាំង និងស្ដាប្រឡាយ។ល។ គឺលោកហៃ មនោរម្យ កំណត់យកលុយក្នុង១គ្រឿងចក្រ ២០០ដុល្លា ហើយមានគ្រឿងចក្ររាប់សិបគ្រឿង។

លោកហៃ មនោរម្យបានបើកដៃឲ្យមានការ ឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ស្ទើរអស់ទាំងស្រុងហើយនៅស្រុកជលគិរី តួយ៉ាងដូចជាព្រៃធំ មានទំហំប្រមាណ៤០ហិតាជាដើម។

ថ្មីៗនេះ លោកហៃ មនោរម្យ បានយកលុយពី ម្ចាស់សាឡាងឈ្មោះផេង ចំនួន ៤០០០ ដុល្លានៅកំពង់ដរ ឃុំកំពង់អូស ជាថ្នូរមិនអោយអ្នកថ្មី ចូលទៅធ្វើអាជីវកម្ម ដែលខុសនឹងទីផ្សារសេរី។

នៅឆ្នាំ២០១៩-២០២០ លោក ហៃ មនោរម្យ បានឲ្យមន្ត្រីជំនិតរបស់ខ្លួន ឈ្មោះ ទិត្យ កំសាន្ត នៅអន្តរវិស័យ, កែវ វង្សតារា ប្រធានភូមិបាលស្រុក និងលោកមុត ម៉េង នាយករដ្ឋបាលស្រុក ចុះទៅគំរាមកំហែងជំរិតលុយ ពីប្រជាកសិករ ១១គ្រួសារ ធ្វើស្រែប្រាំង នៅចំណុចកប់ចេស ក្នុងភូមិសាស្រ្ត ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ក្នុង១ហិតា ១០០ដុល្លា បើមិនបង់ទេ ពួកគេនឹងដកហូតយកដី មិនឲ្យធ្វើ ហើយចាប់ញាត់គុកទៀតផង ដោយសំអាងថា ជាដីព្រៃរបស់រដ្ឋ ដែលប្រជាកសិករទាំងនោះ ចូលមកកាន់កាប់ ដោយខុសច្បាប់ តែបើបង់លុយតាមកំណត់ គឺគេធ្វើកិច្ចសន្យាឲ្យខ្ចីដីធ្វើ។

ជាមួយគ្នានឹងការគំរាមកំហែងនេះ មន្ត្រីសាលាស្រុកដែលដឹកនាំដោយលោក កែវ វង្សតារា ហៅវង្ស បានបាញ់ថ្នាំសម្លាប់ស្រូវប្រាំង របស់ប្រជាកសិករ នៅតំបន់នោះ អស់ប្រមាណ ១ហិតា ៨០អារ និងដកយកម៉ាស៊ីនបូមទឹកនិងគោយន្តចំនួន៤ ទៅ ៥គ្រឿងទៀតផង ជាការព្រមាន។

ទង្វើនេះ ប្រជាកសិករទាំងនោះ បានប្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង និងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ តែរហូតមកទល់ពេលនេះ មិនទាន់ឃើញមានចំណាត់ការអ្វី លើមន្ត្រី មហាខូចទាំងនោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋស្រុកជលគិរី ខ្លាចរអារ ចៅហ្វាយស្រុកនេះ និងល្បីថា ចៅហ្វាយស្រុកនេះ មានខ្នងធំ។

នៅក្នុងកំឡុង ខែមិថុនា ឆ្នាំ២០២១នេះ ចៅហ្វាយស្រុកនេះ បានបញ្ជាឲ្យកូនចៅ ទៅហាម និងធ្វើកិច្ចសន្យា មិនប្រជាកសិករ បូបទឹកដាក់ស្រែប្រាំង និងបញ្ជាឲ្យបញ្ឈប់ ម៉ាស៊ីនបូមចេញប្រឡាយមេទឹក របស់សហគន៍ទៀតផង ដោយសំអាងថា ប្រព័ន្ធធារា សាស្រ្តនេះ មានម្ចាស់អាជ្ញាប័ន គេដេញបាន មានច្បាប់អនុញាតត្រឹមត្រូវ។

ទាក់ទិននឹងការហាមបូមទឹកនេះ លោកចៅហ្វាយស្រុក ហៃ មនោរម្យ បានហៅតំណាងប្រជាកសិករ ,សហគមន៍ និងអាជ្ញាភូមិ ឃុំ ទៅប្រជុំពិភាក្សា តែលោកចៅហ្វាយស្រុកនេះ មិនស្ដាប់សំដីប្រជាកសិករ, សហគមន៍ និងរដ្ឋបាលភូមិឃុំនោះទេ គឺលោកប្រើពាក្យប្រមាថមើលងាយ ព្រមទាំងទះតុ ចង្អុលមុខ គំរាមប្រជាកសិករ នៅក្នុងអង្គប្រជុំនោះទៀតផង បណ្ដាលឲ្យប្រជាកសិករ និងអាជ្ញាធរខ្លះងើបដើរចេញពីអង្គប្រជុំ។

បច្ចុប្បន្ន មុនកើតជម្ងឺកូវីត ១៩ លោកហៃ មនោរម្យ បានអនុញាតឲ្យ ក្រុមឈ្មួញគ្រឿងចក្រដឹកដី មកចាក់នៅមុខស្រះសាលាស្រុក ធ្វើជាផ្ទះល្វែង ដោយមិនខ្វល់ ពីការបំផ្លាញផ្លូវកៅស៊ូ របស់រដ្ឋ បណ្ដាលឲ្យខូចយ៉ាងធ្ងន់ធ្ងរនោះទេ ។

ទង្វើនេះត្រូវអត់ខុស នឹងប្រសាសន៍ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ចំពោះមន្ត្រីខូច ដែលដកចេញ គឺប្រជាពលរដ្ឋមានតែបន់ថា ឆាប់ចេញឲ្យលឿនទៅ ចំណែកមន្ត្រីល្អ គឺប្រជាពលរដ្ឋស្រឡាញ់ ពេលចេញទៅ ធ្វើឲ្យប្រជាពល រដ្ឋ នឹកអាឡោះ អាល័យចងចាំមិនភ្លេច។

ប្រជាពលរដ្ឋស្រុកជលគិរី សុំឲ្យឯកឧត្ដម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្ត ដែលទើបនឹងឡើងថ្មី និងសម្ដេច ស ខេង មេត្តា ចាត់កម្លាំង ដែលមានឧត្តម មគតិពិត ចុះស្រាវជ្រាវពិនិត្យ នូវ រឿងខាងលើ ដើម្បីរកយុត្តិធម៌ ជូនសង្គម និងប្រជាជនស្រុកជលគិរី ផង ព្រោះលោក ហៃ មនោរម្យ មិនមែនអភិបាលស្រុក បម្រើរាស្ត្រដូចប្រសាសន៍សម្ដេច ហ៊ុន សែន ថា នោះទេ គឺគាត់ជាចៅហ្វាយរាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here