លោកហៃ មនោរម្យ ចៅហ្វាយរាស្ត្រនៅស្រុកជលគិរី ត្រូវបានប្រជាពលរដ្ឋ ផ្ដិតមេដៃ៩១៩នាក់ ប្ដឹងសុំដក លោកចេញពីអភិបាលស្រុក

0
141

កំពង់ឆ្នាំង៖ ថ្មីៗនេះ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បាន និងកំពុង ផ្ទុះរឿងអាស្រូវជាច្រើន ដែលទម្លាយចេញពីប្រជាពលរដ្ឋ និងមានស្នាមមេដៃ ប្រជាពលរដ្ឋ៩១៩នាក់ ប្ដឹងសុំ ដកលោក ហៃ មនោរម្យ ចេញពីអភិបាលស្រុកទៀតផង ដោយពួកគាត់ ចោទប្រកាន់ លោកអភិបាលស្រុករូបនេះថា ប្រើអំណាចគៀបសង្កត់ គំរាមកំហែង មន្ត្រី និងប្រជាពលរដ្ឋណា ដែលមិនស្របនឹងទង្វើរបស់ខ្លួន។

ទាក់ទិននឹងការផ្ទុះរឿងអាស្រូវ និងផ្ដិតមេដៃរបស់ប្រជាពលរដ្ឋ ប្ដឹងសុំដកលោក ហៃ មនោរម្យ ចេញអភិបាលស្រុកនេះ ត្រូវបានប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៧ ខែកក្ដដា ឆ្នាំ២០២១ លោក វ៉ាន់ យឿន មេឃុំព្រៃគ្រី ស្រុកជលគិរី បានកោះហៅអនុភូមិ២ ភូមិទៅសាកសួរ ក្នុងគោលបំណងគំរាម ដែលបណ្ដោយឲ្យមានប្រជាពលរដ្ឋ ដំណើរបាន ក្នុងការផ្ដិតមេដៃប្ដឹង ប្ដឹងពីលោកអភិបាលស្រុក។

យោងតាមប្រភពព័ត៌មានដដែលនេះ បានបន្តឲ្យដឹងថា ការកោះហៅមន្ត្រីរដ្ឋបាលភូមិ២ភូមិទៅគំរាមនេះ គឺតាមបញ្ជា លោកអភិបាលស្រុក ហៃ មនោរម្យ ទូរស័ព្ទ ប៉ុន្តែលោកអនុភូមិទាំង២ គឺលោក បូ បិន អនុភូមិជំពារ និងលោក សេះ សារ៉ុម អនុភូមិតាកាន់ បានឆ្លើយតបថា លោកពិតជា មិនអាចទប់ស្កាត់តាមបញ្ជា.. មិនឲ្យប្រជាពលរដ្ឋផ្ដិតមេដៃបាន នោះទេ ព្រោះប្រជាពលរដ្ឋផុសផុល ក្នុងការផ្ដិតមេដៃ សំដែងការមិនពេញចិត្ត និងប្ដឹងសុំដក លោក អភិបាលស្រុក។

ប្រភពព័ត៌មាននេះ បានបន្តថា លោក មេឃុំ នឹងបន្តកោះហៅ លោកមេភូមិ ដែលពាក់ព័ន្ធទៅសាក សួរទៀត នៅថ្ងៃទី១៨ ខែកក្ដដានេះ តែមិនដឹងជាយ៉ាងម៉ិចបានជាមិនឃើញ ហៅទៅវិញ ។

ជាមួយគ្នានេះ លោក ឆាយ វិចិត្រ មន្ត្រីរដ្ឋបាលស្រុកជលគិរី ផ្នែកអភិវឌ្ឍន៍ ដែលគេស្គាល់ថា ជា មន្ត្រីជំនិតនឹងលោកអភិបាលស្រុកនោះ បានដើរគំរាមប្រជាជនដែលផ្ដិតមេដៃ និងហាមប្រជាពលរដ្ឋ មិនឲ្យទាក់ទងនឹងលោកអនុមេភូមិ បូ បិន នោះទេ ព្រោះលោកអនុភូមិនេះ ជាមុខសញ្ញា។
ចំណែកក្រុមអាជីវករ ផ្សារព្រៃគ្រីត្បូង ដែលទិញដីផ្សារ សាធារណៈ ពីលោកអភិបាលស្រុក កាន់កាប់ជាកម្មសិទ្ធផ្ដាច់មុខនោះ បានផ្ដល់ព័ត៌មានមកដែរថា មានគេដើរគំរាម មិនឲ្យពួកគាត់ឆ្លើយថា បានទិញនោះទេ។

គួរបញ្ជាក់ថា ដែលផ្ដើមឲ្យមានការផ្ទុះរឿងអាស្រូវ និងការផ្ដិតមេដៃ សុំដក់លោក អភិបាលស្រុកជលគិរីនេះ គឺ នៅលើកចុងក្រោយដែលលោកអភិបាលស្រុករូបនេះ បានបញ្ជាមន្ត្រីជំនិត របស់ខ្លួនទៅហាម ប្រជាកសិករ មិនឲ្យបូបទឹកដាក់ស្រែប្រាំង និងបិទម៉ាស៊ីនបូបទឹក សហគមន៍ ប្រព័ន្ធធារាសាស្ត្រ នៅភូមិព្រៃគ្រីជើង។

ជាមួយគ្នានេះ ក៏បានកោះហៅតំណាងប្រជាកសិករ ,សហគមន៍ទឹក និងអាជ្ញាធរភូមិឃុំ ទៅប្រជុំនៅសាលាស្រុក គឺលោកចៅហ្វាយស្រុករូបនេះ មិនស្ដាប់ហេតុផលភាគី ប្រជាកសិករ, សហគមន៍ទឹក លើកឡើងនោះទេ ផ្ទុយទៅវិញ បានប្រើសំដីអសុរោះ និងទះតុ សំឡុត ប្រជាកសិករ ដែលធ្វើឲ្យប្រជាកសិករ ខ្លះងើបដើរចេញពីអង្គប្រជុំ។

ចុងក្រោយ នៃអង្គប្រជុំនោះ គឺលោកចៅហ្វាយរាស្ត្ររូបនេះ បានគំរាមមន្ត្រីភូមិ ឃុំ នៅអង្គប្រជុំនោះ ឲ្យទប់ស្កាត់ជាដាច់ខាត មិនប្រជាកសិករទាំងនោះ កេណ្ឌគ្នាប្រមូលផ្ដុំ ឬផ្ដិតមេដៃប្ដឹងតវ៉ាទៅណា ឲ្យសោះ បើមិនដូច្នេះទេ មន្ត្រីភូមិឃុំ ទាំងនោះត្រូវទទួលខុសត្រូវ។ ដោយឡែករឿងអាស្រូវ ដែលប្រជាពលរដ្ឋស្រុកជលគិរី បានចោទប្រកាន់ លោកអភិបាលស្រុករូបនេះ គឺមានដូចខាងក្រោម៖
នៅអាណត្តិចៅហ្វាយស្រុកនេះ លក់អស់ខ្ទេចខ្ទី តាំងពីដី ទីតាំងប៉ូលីសស្រុក , ដីចញ្ចើមស្រះខាងលិច មុខសាលាស្រុក ,ដីទីផ្សារ នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ឯដីទីផ្សារគឺលក់១ប្លង់ពី៣០០០ ទៅ៣៥០០ដុល្លា (មាន២៧ប្លង់) ហើយធ្វើប្លង់កាន់កាប់ឲ្យទៀតផង ។

លោកហៃ មនោរម្យបានបើកដៃឲ្យមានការ ឈូសឆាយទន្ទ្រានដី លិចព្រៃទឹក ស្ទើរអស់ទាំងស្រុងហើយនៅស្រុកជលគិរី តួយ៉ាងដូចជាព្រៃធំ មានទំហំប្រមាណ៤០ហិតាជាដើម។

ថ្មីៗនេះ លោកហៃ មនោរម្យ បានយកលុយពី ម្ចាស់សាឡាងឈ្មោះផេង ម៉ើ ចំនួន ៤០០០ ដុល្លា នៅកំពង់ដរ ឃុំកំពង់អូស ជាថ្នូរមិនអោយអ្នកថ្មី ចូលទៅធ្វើអាជីវកម្ម ដែលខុសនឹង ទីផ្សារសេរី។

នៅឆ្នាំ២០១៩-២០២០ លោក ហៃ មនោរម្យ បានឲ្យមន្ត្រីជំនិតរបស់ខ្លួន ឈ្មោះ ទិត្យ កំសាន្ត នៅអន្តរវិស័យ និងកែវ វង្សតារា ប្រធានភូមិបាលស្រុក និងលោក ម៉ុត ម៉េង នាយរដ្ឋ បាលស្រុក ទៅគំរាមកំហែងជំរិតលុយ ពីប្រជាកសិករ ១១គ្រួសារ ធ្វើស្រែប្រាំង នៅចំណុចកប់ចេស ក្នុងភូមិសាស្រ្ត ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ក្នុង១ហិតា ១០០ដុល្លា បើមិនបង់ទេ ពួកគេនឹងដកហូតយកដី មិនឲ្យធ្វើ ហើយចាប់ញាត់គុកទៀផង ដោយសំអាងថា ជាដីព្រៃរបស់រដ្ឋ ដែលប្រជាកសិករទាំងនោះ ចូលមកកាន់កាប់ ដោយខុសច្បាប់ តែបើបង់លុយតាមកំណត់ គឺគេធ្វើកិច្ចសន្យាឲ្យខ្ចីដីធ្វើ។

ជាមួយគ្នានឹងការគំរាមកំហែងនេះ មន្ត្រីសាលាស្រុកដែលដឹកនាំដោយលោក កែវ វង្សតារា ហៅវង្ស បានបាញ់ថ្នាំសម្លាប់ស្រូវប្រាំង របស់ប្រជាកសិករ នៅតំបន់នោះ អស់ប្រមាណ ១ហិតា ៨០អារ និងដកយកម៉ាស៊ីនបូមទឹក និងគោយន្តចំនួន ៤-៥គ្រឿងទៀតផង ជាការ ព្រមាន។

ទង្វើនេះ បានធ្វើឲ្យប្រជាកសិករទាំងនោះ ប្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង និងអង្គភា ប្រឆាំងអំពើពុករលួយផងដែរ តែរហូតមកទល់ពេលនេះ មិនទាន់ឃើញមានចំណាត់ការអ្វី លើមន្ត្រី មហាខូចទាំងនោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋស្រុកជលគិរី ខ្លាចរអារ ចៅហ្វាយស្រុកនេះ ល្បីថា មានខ្នងធំ។

នៅក្នុងកំឡុងចុង ខែមិថុនា ឆ្នាំ២០២១នេះ ចៅហ្វាយរាស្ត្ររូបនេះ បានបញ្ជាឲ្យកូនចៅ ទៅហាម និងធ្វើកិច្ចសន្យា មិនប្រជាកសិករ បូបទឹកដាក់ស្រែប្រាំង និងបញ្ជាឲ្យបញ្ឈប់ ម៉ាស៊ីនបូបចេញប្រឡាយមេទឹក របស់សហគន៍ទៀតផង ដោយសំអាងថា ប្រព័ន្ធធារាសាស្រ្តនេះ មានម្ចាស់អាជ្ញាប័ន គេដេញបាន មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ទាក់ទិននឹងការហាមបូបទឹកនេះ លោកចៅហ្វាយស្រុក ហៃ មនោរម្យ បានហៅតំណាងប្រជាកសិករ ,សហគមន៍ និងអាជ្ញាភូមិ ឃុំ ទៅប្រជុំពិភាក្សា តែលោកចៅហ្វាយស្រុកនេះ មិនស្ដាប់សំដីប្រជាកសិករ, សហគមន៍ទឹក និងរដ្ឋបាលភូមិឃុំនោះទេ គឺលោកប្រើពាក្យប្រមាថមើលងាយ ព្រមទាំងទះតុ ចង្អុលមុខ គំរាមប្រជាកសិករ នៅក្នុងអង្គប្រជុំនោះទៀតផង បណ្ដាលប្រជាកសិករ ខ្លះងើបដើរចេញពីអង្គប្រជុំ។

បច្ចុប្បន្ន មុននឹងបាត់វត្តមាន លោក អភិបាលស្រុក ពីស្រុកជលគិរី ដោយល្បីថា លោកកើត ជម្ងឺកូវីត ១៩នោះ គឺលោកអភិបាលស្រុក បានអនុញ្ញាត ឲ្យក្រុមឈ្មួញគ្រឿងចក្រដឹកអាចម៍ដី មកចាក់នៅមុខស្រះសាលាស្រុក ធ្វើជាផ្ទះល្វែង ដោយមិនខ្វល់ ពីការបំផ្លាញផ្លូវកៅស៊ូ របស់រដ្ឋ បណ្ដាលឲ្យខូចយ៉ាងធ្ងន់ធ្ងរនោះទេ។

ប្រជាពលរដ្ឋស្រុកជលគិរី សុំឲ្យឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត ដែលទើបនឹងឡើងថ្មី និងសម្ដេច ស ខេង មេត្តា ចាត់កម្លាំង ដែលមានឧត្តម មគតិពិត ចុះស្រាវជ្រាវពិនិត្យ នូវ រឿងខាងលើ ដើម្បីកុំឲ្យខូចគោលនយោបាយរាជរដ្ឋាភិបាល ព្រោះលោក ហៃ មនោរម្យ មិនមែនអភិបាលស្រុក បម្រើរាស្ត្រដូចប្រសាសន៍សម្ដេច ហ៊ុន សែន ថា នោះទេ គឺគាត់ជាចៅហ្វាយរាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here